gifs-a.blogspot.com

August 19, 2016

ហេតុអ្វីបានអររំភើបចិត្តខ្លាំងពេកយើងស្រក់ទឹកភ្នែក?

cry

ហេតុអីបានអររំភើបចិត្តខ្លាំងពេក យើងស្រក់ទឹកភ្នែក?

ត្រេកអររហូតដល់ស្រក់ទឹកភ្នែក…តើអ្នកធ្លាប់នឹកឆ្ងល់ទេថា ហេតុអ្វីបាននៅក្នុងវិនាទីដំបូងដែលយើងរំភើបចិត្តក្នុងអំឡុងពេលសំខាន់ៗ ដូចជា ពេលត្រូវសង្សាសុំរៀបការ, ពេលប្រឡងជាប់ ឬពេលផ្ដល់កំណើតកូនសម្លាញ់ ធ្វើឱ្យយើងស្រក់ទឹកភ្នែកទាំងមិនមែនជាពេលវេលានៃការសោកសៅផងនោះ?
អ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺ គ្រប់ពេលដែលនឹកត្រឡប់ទៅដល់អំឡុងពេលល្អៗទាំងនោះ អាការរំភើបរំជួលចិត្តក៏កើតឡើងជានិច្ច មូលហេតុបណ្តាលមកពីអ្វីនោះ ហាស ហា ហា មានចម្លើយមកជម្រាបជូន។
លទ្ធផលនៃការវិភាគស្រាវជ្រាវថ្មីបំផុតដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តបត្រ Psychological Science របស់អាមេរិកបានឱ្យយើងដឹងថា បើខួរក្បាលទទួលរងសម្ពាធអារម្មណ៍នៃផ្នែកណាមួយខ្លាំងជ្រុលពេក រាងកាយនឹងមានប្រតិកម្មតបនឹងអារម្មណ៍នោះ ដោយការបង្ហូរទឹកភ្នែកចេញមក ធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាល ផ្ទុយទៅវិញបើយើងគ្មានអារម្មណ៍អ្វីច្រើនជាមួយនឹងហេតុការណ៍ដែលកើតឡើងនោះ ប្រតិកម្មឆ្លើយតបក៏មិនកើតឡើងដែរ។ រឿងទាំងអស់នេះកើតចេញពីកម្មវិធីការសម្រួលសមតុល្យការខាងអារម្មណ៍របស់ខួរក្បាលដែលហៅថា «Emotional Equilibrium»។
លោក Oriana Aragon អ្នកចិត្តវិទ្យាពីមហាវិទ្យាល័យ យេល បានធ្វើការសាកល្បងដើម្បីពិសោធន៍ ទៅលើទ្រឹស្តីទៅលើប្រតិកម្មខាងលើ ហើយនៅទីបំផុតវាគឺជារឿងពិត ដោយក្នុងនោះលោក បានឱ្យក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ចំនួន 679 នាក់ មើលរូបថតក្នុងអំឡុងពេលនៃសេចក្តីសុខ ដូចជា រូបទារកទើបនឹងកើតរូបថតជួបជុំមិត្តចាស់ និងរូបថតអាពាហ៍ពិពាហ៍ ហើយរៀបរាប់ពីអារម្មណ៍ដែលមានចំពោះរូបថតនោះ។ លទ្ធផលនៃការសាកល្បងបានបង្ហាញថា អ្នកស្ម័គ្រចិត្តភាគច្រើនមានប្រតិកម្មតបស្នងចំពោះរូបភាពដែលគេបានឃើញខុសប្លែកពីគ្នាបន្តិចបន្តួច គឺអ្នកខ្លះមើលរូបថតហើយគ្រាន់តែញញឹម នោះក៏ព្រោះតែគេមិនធ្លាប់មានបទពិសោធន៍នាអំឡុងពេលបែបនោះ តែដឹងថា នេះជារូបភាពដែលគួរឱ្យរីករាយស្វាគមន៍។ ខណៈដែលអ្នកខ្លះទៀតសម្តែងអាការរំជួលចិត្តចេញមកយ៉ាងមើលឃើញច្បាស់តែម្តង នេះក៏ដោយសារតែពួកគេនឹកទៅដល់អំឡុងពេលដែលនៅក្នុងរូបថតដែលធ្លាប់បានកើតឡើងចំពោះខ្លួនគេកាលពីពេលមុនហ្នឹងឯង។
ឃើញច្បាស់ហើយថា ខួរក្បាលរបស់យើងចងចាំនូវរឿងរ៉ាវផ្សេងៗដែលយើងបានជួបប្រទះមកយ៉ាងច្បាស់លាស់ ទើបធ្វើឱ្យយើងមានប្រតិកម្មខាងអារម្មណ៍ចំពោះហេតុការដែលកើតឡើងនោះ តែយ៉ាងណាក៏ដោយ មិនថាហេតុការណ៍ដែលធ្លាប់ឆ្លងចូលមកក្នុងជីវិតយើងជារឿងល្អ ឬអាក្រក់ប៉ុនណាក៏ដោយ ក៏កុំទៅលង់នៅតែជាមួយអតីតកាលជ្រុលពេកអី បើកដួងចិត្តទទួលយករឿងថ្មីៗវិញប្រសើរជាង នោះជីវិតរបស់អ្នកនឹងមានពន្លឺ និងសេចក្តីសុខមិនខាន។
ចំណាំ៖ នេះគឺជាការបកស្រាយតាមរយៈចិត្តសាស្ត្រ និងការពិសោធន៍ជាក់ស្ដែងប៉ុណ្ណោះ មិនមែនជាការបកស្រាយតាមយរៈវិទ្យាសាស្ត្រនោះទេ ប៉ុន្តែយើងនឹងព្យាយាមស្វែងរកការបកស្រាយតាមរយៈវិទ្យាសាស្ត្រមកចុះផ្សាយបន្ត៕

0 comments:

Post a Comment